អត្ថបទពិសេស

តួឯក «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» សម្រេច​ចិត្ត​បង្កើត Page និង​ដាក់​ឈ្មោះ​សិល្បៈ

ពុធ ស្រីខួច ដែល​បាន​ប្រលូក​​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ​បែរ​ជា​មក​សម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​ថ្មី​យក​រាសី​បន្ថែម​ ខណៈ​មុខ​តំណែង​ក្នុង​សិល្បៈ​បោះ​ពួយ​សំដៅ​ចំណុច​កំពូល​ ក្រោយ​បាន​តំណែង​មេធាវី ពៅ បញ្ញា ក្នុង​កុន​ភាគ​ធំ PNN។ នាង​ប្រាប់ Sabay ទំាង​អំណរ​ថា នាង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខំ​បង្កើត​កេរ្តិ៍​ឈ្មោះ ព្រោះ​ជា​​ការ​តប​ស្នង​ ដែល PNN បាន​ផ្តល់​កិត្តិយស​ឲ្យ​នាង​បាន​សម្តែង​ជា​តួ​មេធាវី ពៅ បញ្ញា ជា​តួ​អង្គ​ដែល​អ្នក​ណាៗ​ក៏​គោរព​ឲ្យ​តម្លៃ និង​ចង់​សម្តែង។ ស្រីខួច ក្នុងពិធីក្រុងពាលីរឿង «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» «បងៗ​នៅ PNN បាន​ផ្លាស់​ប្តូរ​ជីវិត​សិល្បៈ​របស់​ខ្ញុំ! គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា លោក​នេះ​មាន​មនុស្ស​ជួយ​គ្នា​ពិតៗ គ្មាន​ខ្សែ គ្មាន​ការ​រណេប​រណប ពឹង​លើ​សមត្ថភាព និង​ឱកាស​អ្នក​ធំ​ផ្តល់​ដល់​អ្នក​តូច! ខ្ញុំ​អរគុណ​បងៗ​នៅ​ផលិតកម្ម និង​នៅទូរទស្សន៍ PNN ដែល​បាន​ឲ្យ​កម្លាំង​តស៊ូ​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​ហៅ​ខ្លួន​ឯង​ថា​ ខួច ឃលីយ៉ា ​ជា​ឈ្មោះ​ថ្មី​ក្នុង​សិល្បៈ! ខ្ញុំ​នឹង​ធ្វើ​អស់​ពី​សមត្ថភាព!»។ តារាស្រី​រូប​នេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ខួច ឃេលីយ៉ា ហើយ​បាន​បង្កើត page មួ...

ខ្លាំងមែន! យុវវ័យ ១១ រូបទទួលបានម្នាក់ ១ពាន់ដុល្លារផលិតរឿងខ្លីរបស់ខ្លួន​

យុវជន និងយុវនារី ១១ នាក់ជាប់ជម្រើសអត្ថបទរឿងល្អជាងគេក្នុងកម្មវិធី Short Film Challenges ហើយទទួលបានទឹកប្រាក់ ១ ០០០ ដុល្លារ ដើម្បីផលិតភាពយន្តខ្លីរបស់ខ្លួនដែលសរសេរនោះ ដាក់បង្ហាញលើ App Soyo តែមួយប៉ុណ្ណោះ។
យុវវ័យទាំងអស់សុទ្ធសឹងតែមានលក្ខណៈពិសេស និងការប្រឹងប្រែង សំខាន់ពួកគេក្លាហានឆ្លងកាត់ការប្រឡងជ្រើសយ៉ាងតឹងរឹងពីគណៈកម្មការ មុននឹងទទួលបានឱកាសផលិតភាពយន្តរបស់ខ្លួន។ ខាងក្រោម Sabay សូមរាយនាម ប្រវត្តិរូបសង្ខេបខ្លី ចំណងជើងរឿង និងសាច់រឿងខ្លីៗ ជូនប្រិយមិត្តបានស្គាល់។

ជា តុងហៃ
១/ យុវជន ជា តុងហៃ អ្នកនិពន្ធរឿងជើងថ្មី មកពីខេត្តតាកែវ ហើយនេះលើកដំបូង ដែល តុងហៃ បានផលិតរឿងខ្លី មានចំណងជើងថា «និទានស្នេហ៍ផ្លែប៉េងប៉ោះ»។ រឿងនេះរៀបរាប់ពីនិស្ស័យស្នេហ៍នារីរូបអាក្រក់ និងកំលោះសង្ហា កើតឡើងដោយដើមប៉េងប៉ោះ ចុងក្រោយនារីអភ័ព្វម្នាក់នេះត្រូវខកចិត្តបែកបាក់ស្នេហាមួយនេះទៅវិញ តែនាងបានរៀនពីការទុកឱ្យអតីតកាលកន្លងផុត។

គឿន សាលីត
២/ យុវជន គឿន សាលីត អ្នកភ្នំពេញ ធ្លាប់សរសេររឿងខ្លីមួយចំនួនហើយដែរ តែនេះជាលើកដំបូងក្នុងការផលិតរឿងខ្លីជាភាពយន្ត។ បេក្ខជនវ័យក្មេងម្នាក់នេះ នឹងផលិតភាពយន្តចំណងជើង «រូបថតចុងក្រោយ» និទានពីគោលបំណងរបស់អ្នកស្នេហារូបថតម្នាក់ដែលចង់ថតរូបសង្សារនៅទីកន្លែងដ៏ពិសេសមួយ តែគាត់ត្រូវស្លាប់មុនសម្រេចបំណង ដែលនារីជាសង្សាររក្សាការចងចាំនេះរហូត។

លី​ គឹម​សួ
៣/ លី​ គឹម​សួ យុវជនមកពីភ្នំពេញ ដែលមានបទពិសោធន៍ក្នុងការតែងនិពន្ធរឿងមួយឱ្យប្រលោមលោក Sabay មានចំណងជើងថា «និស្សិតពេទ្យឆ្នាំទី៤» និងរឿងខ្លីជាច្រើនទៀត។ លើកនេះយុវជន លី គីមសួ នឹងនាំសាច់រឿងប្រលោមខ្លីរបស់ខ្លួនឱ្យក្លាយជាភាពយន្តខ្លីថ្មី ដែលមានចំណងជើងថា «សង្សារអ្នកទោស» ដែលជារឿងមនោសញ្ចេតនារបស់ស្រ្តីរកស៊ីផ្លូវភេទដែលសុខចិត្តបែកជាមួយសង្សារ ហើយទៅជាប់គុក។

មិត្ត រស្មី
៤/ កញ្ញា មិត្ត រស្មី អ្នកសរសេររឿងមកពីខេត្តកណ្តាល បច្ចុប្បន្នជាអ្នកនិស្សិតសាលកវិទ្យាល័យជាតិគ្រប់គ្រង នឹងបង្ហាញស្នាដៃភាពយន្តខ្លីមានចំណងជើងថា «សុបិន» រៀបរាប់ពីក្មេងស្រីម្នាក់ដែលតែងតែសុបិនឃើញមនុស្សប្រុសម្នាក់ដែលផ្តល់សេចក្តីស្នេហាពិតឱ្យទៅនាង តែជីវិតពិតមិនដូចសុបិន។

កញ្ញា សេង យៀកលាង តាំង លីណា និង ថាន់ ចរណៃ
៥/ កញ្ញា សេង យៀកលាង តាំង លីណា និង ថាន់ ចរណៃ ជានិស្សិតឆ្នាំទីមួយដូចគ្នា ទាំង៣នាក់រួមគ្នាសរសេរសាច់រឿង និងផលិតរឿងខ្លីមួយដែលមានចំណងជើងថា «ព្រោះតែស្រលាញ់» និយាយរៀបរាប់ពីស្នេហ៍ត្រីកោណ របស់មនុស្សស្រី២នាក់ ចុងក្រោយពួកគេត្រូវធ្វើអ្វីម្យ៉ាងដើម្បីបញ្ជាក់ពីស្នេហាពិតរបស់ពួកគេ។

ត្រាន់ តិចសេង
៦/ យុវជន ត្រាន់ តិចសេង និស្សិតឆ្នាំទី៤ ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តា ធ្លាប់មានបទពិសោធន៍សរសេររឿងខ្លី ២ ទៅ ៣ ចំណងជើង ហើយក៏ធ្លាប់ចូលរួមផលិតរឿងខ្លីជាមួយផលិតករ និងអ្នកដឹកនាំរឿងដែលជាមិត្តភ័ក្ត។ បច្ចុប្បន្នយុវជនម្នាក់នេះក៏ជាអ្នកកាត់ត ឬអ្នកប្រព្រត្តឹកម្មភាពយន្ត ឯកជនផងដែរ ហើយលើកនេះ តិចសេងនឹងផលិតរឿងខ្លួនឯងដែលមានចំណងជើងថា «កង់បី VIP» ដែលនិយាយពីស្រីស្អាតម៉ារី បានខ្ចីកង់បីរបស់ពូនាងយកទៅដឹកភ្ញៀវ ដែលគ្មានអ្នកណាជិះសោះ ចុងក្រោយក៏មានបុរសសង្ហាម្នាក់ដាក់លក្ខខណ្ឌឱ្យនាងជូនគេទៅដល់ព្រលានយន្តហោះឱ្យទាន់ពេលវេលា តែមិនដឹងថានាងធ្វើបានឬអត់?

ជា ចាន់ថានី
៧/ អ្នកផលិតភាពយន្តជើងថ្មី កញ្ញា ជា ចាន់ថានី នេះលើកទី៣ក្នុងការផលិតរឿងខ្លី រូបនាងជាអ្នកបាត់ដំបង និងកំពុងបំពេញការងារក្នុងអង្គការមួយកន្លែង។ ភាពយន្តខ្លីដែលនាងទទួលបានការគាំទ្រផលិតនេះ មានចំណងជើងថា «ខ្សែម៉ែត្រ» ដែលរៀបរាប់ពីនារីកាត់ដេរសម្លៀកបំពាក់ថ្មីថ្មីម្នាក់ ហើយនាងក៏ព្យាយាមបំពេញការងារជូនអតិថិជនដំបូងរបស់នាងដែលជាតារាចម្រៀង ហើយទាំងពីរនាក់បានយល់ចិត្តគ្នាកាន់តែខ្លាំង ស្រាប់តែមានរឿងមួយកើតឡើង។

វង្ស​​ បញ្ញាវន្ត័
៨/ វង្ស​​ បញ្ញាវន្ត័ យុវជនវ័យ២៨ឆ្នាំ មកពីខេត្តកំពង់ចាម អ្នកធ្វើការបច្ចេកទេសផ្សាយប្រព័ន្ធ Satellite របស់ស្ថានីយទូរទស្សន៍ PNN ហើយនេះជាលើកដំបូងក្នុងការផលិតភាពយន្តរបស់លោក។ រឿងខ្លីរបស់យុវជនម្នាក់នេះមានចំណងជើងថា «ថ្ងៃ Valentine របស់ខ្ញំ» ដែលនិយាយពីការដាក់ចិត្តរបស់បុរសម្នាក់ធ្វើអ្វីម្យ៉ាងដើម្បីសេចក្តីស្រលាញ់នៅថ្ងៃបុណ្យ នៃក្តីស្រលាញ់ Valentine។

ចន្ទ័ ស៊ីណេត
៩/ ចន្ទ័ ស៊ីណេត យុវនារីដែលមានបទពិសោធន៍ជាអ្នកសរសេរអត្ថបទសម្តែងរឿងភាគ ឬ Screenplay ដ៏ល្បីគឺរឿង «ស្រទន់មន្តស្នេហ៍» នឹងបង្ហាញទេពកោសល្យរបស់ខ្លួនក្នុងភាពយន្តខ្លីដែលមានចំណងជើងថា «ព្រោះខ្ញុំស្រលាញ់អ្នកជាង» ដែលរៀបរាប់ពីគូស្នេហ៍មួយគូប្រកួតគ្នាថា តើអ្នកណាស្រលាញ់គ្នាជាង ចុងក្រោយគេក៏បានស្វែងយល់រឿងមួយពីស្នេហា។

សេង ធី
១០/ លោក សេង ធី យុវជនមកពីខេត្តកែប វ័យ២៨ឆ្នាំ ដែលមានបទពិសោធន៍ជាច្រើនលើការផលិតវីដេអូ មានសញ្ញាប័ត្រពីសាលាបណ្តុះបណ្តាល Don Bosco Kep។ រូបលោកនឹងផលិតរឿងខ្លីដែលមានចំណងជើងថា «ស៊ូឈ្នះដើម្បីខ្ញុំ» រៀបរាប់ពីបុរសម្នាក់ដែលព្យាយាមដើម្បីយកឈ្នះចិត្តនារីស្រស់ស្អាតម្នាក់ ចុងក្រោយថាតើនាងអាចស្រលាញ់បុរសម្នាក់នោះ ឬយ៉ាងណា?

លី អុងម៉ារឌី
១១/ លី អុងម៉ារឌី យុវជនម្នាក់នេះមានបទពិសោធន៍សរសេររឿង និងថតរឿងភាគ និងរឿងដុំមួយចំនួនតាមផលិតកម្មក្នុងស្រុកជាអ្នកឯករាជ្យ ឬ Freelancer។ លើកនេះយុវជនម្នាក់នេះ នឹងផលិតភាពយន្តខ្លីរបស់ខ្លួនមួយដែលមានចំណងជើងថា «ស្នេហាធ្វើឱ្យមនុស្សខ្វាក់» ដែលរៀបរាប់អំពីការស្រមើស្រមៃពីបុរសម្នាក់ដែលឧបមាថាមានមនុស្សម្នាក់ថ្លង់ ហើយស្រស់ស្អាត គួរឱ្យស្រលាញ់ ហើយបុរសនោះក៏លង់ស្រលាញ់នាងភ្លែត។ ស្នេហារបស់គាត់កើតឡើងដោយការអាណិតព្រោះថានាងពិការភាព តែធាតុពិតនាងមិនបានថ្លង់នោះទេ៕

អត្ថបទ៖ Sunny
ប្រភពដើមទាំងស្រុងពី គេហទំព័រសប្បាយ 

Comments